គន្លឹះ៥ចំណុចជួយលើកកម្ពស់សុខុមាលភាពការងារពង្រឹងគុណភាពជីវិត

អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ
ក្រោមប្រធានបទ “គន្លឹះ៥ចំណុចជួយលើកកម្ពស់សុខុមាលភាពការងារពង្រឹងគុណភាពជីវិត”
អត្ថបទដកស្រង់ដោយ : សោម ចាន់ណា
#MJQE#AmericanInterconSchool

និយាយពីសុខុមាលភាពការងារ ឬភាសាអង់គ្លេសថា Occupational well-being អាចជារឿងថ្មីមួយសម្រាប់ប្រជាជនប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែបើនិយាយថា ធ្វើការងារមួយដែលមនុស្សពេញចិត្ត ឬធ្វើការងារដែលខ្លួនស្រឡាញ់ទំនងជាប្រជាជនភាគច្រើនងាយស្រួលយល់ន័យជាងពាក្យសុខុមាលភាពការងារ។ កាលបើនិយាយពីសុខុមាលភាពការងារនេះ ប្រជាជននៅក្នុងប្រទេសអភិវឌ្ឍន៍តែងប្រាថ្នាចង់បាន ព្រមទាំងរកទ្រឹស្តី និងគន្លឹះអនុវត្តការងាររបស់ខ្លួនឱ្យប្រសើរឡើងជាបន្តបន្ទាប់។ ខាងក្រោមនេះជាគោលការណ៍គន្លឹះទាំង៥ ដើម្បីលើកកម្ពស់សុខុមាលភាពការងារឱ្យកាន់តែប្រសើរ ដែលបានស្រាវជ្រាវដោយអ្នកជំនាញសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាមេរិកអំពីសុខុមាលភាពជីវិត (well-being)៖

១. ចាប់យកជំនាញ ឬអាជីពដែលខ្លួនពេញចិត្ត :
ពេញចិត្តនឹងការងារជួយឱ្យមនុស្សមានទឹកចិត្តធ្វើការដោយគ្មានភាពនឿយហត់ ឬមិនងាយបោះបង់ការងារដោយងាយៗនោះឡើយ។ ការចាប់យកជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនច្បាស់លាស់ជួយឱ្យមនុស្សមានភាពប៉ិនប្រសប់ក្នុងការងារ និងធ្វើការដោយជំនាញ (professional work) ។ អត្រានៃការផ្លាស់ប្តូរអាជីពការងារមានតិចតួចបំផុតសម្រាប់អ្នកមានជំនាញច្បាស់លាស់ ដោយសារអ្នកមានជំនាញអាចផ្លាស់ប្តូរទីកន្លែងធ្វើការបាន ប៉ុន្តែមិនងាយផ្លាស់ប្តូរជំនាញរបស់ខ្លួននោះទេ។ ភាពច្បាស់លាស់លើគន្លងអាជីពតាមក្តីស្រមៃផ្ទាល់ខ្លួននេះ ជំរុញឱ្យប្រទេសសេដ្ឋកិច្ចជឿនលឿនពង្រឹងគោលនយោបាយអប់រំដោយលើកទឹកចិត្តឱ្យយុវជនចាប់យកជំនាញ (skills) និងឱ្យតម្លៃខ្ពស់ដល់អ្នកទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

២. ការងារជួយឱ្យមនុស្សមានគោលដៅច្បាស់លាស់ :
មិនថាគោលដៅនោះស្ថិតនៅក្នុងរយៈពេលវែង ឬពេលខ្លីនោះទេ ប្រសិនបើមនុស្សមានគោលដៅការងារច្បាស់លាស់ ភាពហត់នឿយពីការងារនឹងមិនមានឥទ្ធិពលលើដំណើរជីវិតឡើយ។ សុខុមាលភាពការងារចេញពីគោលដៅការងារនេះ ជំរុញឱ្យមនុស្សមានចំណង់ការងារកាន់តែខ្លាំង ព្រមទាំងអភិវឌ្ឍន៍ការងារឱ្យកាន់តែប្រសើរជាប្រចាំ។ មនុស្សមានប្រសិទ្ធភាពការងារ រមែងកើតពីរបៀបធ្វើការវិជ្ជមាន ។

៣. មើលឃើញឱកាសអភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់ :
នៅពេលមនុស្សពេញចិត្តនឹងការងារ នោះមនុស្សនឹងអភិវឌ្ឍន៍ការងារឱ្យកាន់តែប្រសើរជានិច្ច ។ ការចែករំលែកចំណេះដឹងដល់ក្រុមការងារជាវិធីសាស្ត្រដ៏ល្អមួយ ជួយឱ្យមនុស្សមានកម្លាំងចិត្តតាមរយៈការទទួលស្គាល់សមត្ថភាពការងារ ។ ទន្ទឹមគ្នានេះ ការទទួលយកចំណេះដឹងថ្មីៗពីក្រុមការងារ ក៏ជាគន្លឹះអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនដ៏ប្រសើរ ។ ក្រៅពីឱកាសអភិវឌ្ឍន៍សមត្ថភាពនៅក្នុងស្ថាប័ន ការអភិវឌ្ឍសមត្ថភាពតាមរយៈការបណ្តុះបណ្តាលជំនាញ ឬការបណ្តុះបណ្តាលនៅខាងក្រៅ ក៏ជួយឱ្យមនុស្សមានអារម្មណ៍កក់ក្តៅ និងផ្តោតអារម្មណ៍ខ្ពស់លើការងារផងដែរ។

៤. បរិស្ថានការងារប្រកបដោយសុវត្ថិភាព :
បច្ចុប្បន្នបរិស្ថានកន្លែងធ្វើការកំពុងជះឥទ្ធិពលខ្លាំងដល់ប្រសិទ្ធភាពការងារ។ គ្មាននរណាម្នាក់ប្រាថ្នាចង់ធ្វើការងារក្នុងបរិយាកាសស្មុគស្មាញនោះទេ ដូច្នេះហើយទីតាំងការងារទំនើបតែងមានលំហទូលាយ មានរុក្ខជាតិតាំងលម្អ មានកន្លែងសម្រាក និងមានកន្លែងទទួលទានអាហារប្រកបដោយផាសុកភាព។ សុវត្ថិភាពការងាររាប់បញ្ចូលទាំងសុវត្ថិភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។

៥. ភ្ជាប់បណ្តាញការងារទូលំទូលាយ :
តាមរយៈកេរ្តិ៍ឈ្មោះដែលសាងសមិទ្ធផលនៅក្នុងស្ថាប័នការងារ នោះនឹងផ្តល់ឱកាសកាន់តែទូលាយឱ្យមនុស្សពេញចិត្តនឹងការងារកាន់តែខ្លាំង។ ជាក់ស្តែងនៅក្នុងស្ថាប័នការងារ បុគ្គលិកតែងបង្ហាញវត្តមានខ្លួនទៅកាន់ស្ថាប័នដទៃតាមរយៈតួនាទី ឬការងារនៅស្ថាប័នរបស់ខ្លួន។ គេអាចស្គាល់ច្បាស់ពីសមត្ថភាពមនុស្សម្នាក់ចេញពីក្រុមហ៊ុនមួយ លឿនរហ័សជាងស្គាល់បុគ្គល ហើយបុគ្គលធ្វើការងារកាន់តែមានគុណភាព ចំណង់ទាក់ទងជាមួយមនុស្ស ក្រុមការងារ និងមិត្តភក្តិនឹងមានកាន់តែច្រើន។ ពេលនោះមនុស្សស្គាល់បណ្តាញរបស់ខ្លួនកាន់តែច្បាស់ ឱ្យតម្លៃខ្ពស់ដល់ការងាររបស់ខ្លួន ព្រមទាំងមានមោទនភាពចំពោះក្រុមការងារ និងកន្លែងធ្វើការរបស់ខ្លួន។


គួរបញ្ជាក់ដែរថា សុខុមាលភាពការងារ (Occupational well-being) កើតឡើងដោយសារការប្រើប្រាស់ចំណេះដឹង ជំនាញ សមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន គួបផ្សំនឹងឱកាសផ្សេងៗ។ សុខុមាលភាពការងារជះឥទ្ធិពលដល់ទំនាក់ទំនងមិត្តភក្តិ និងក្រុមគ្រួសារ ហើយទំនាក់ទំនងនេះមានឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសារផងដែរ។ ការបង្កើនសុខុមាលភាពការងារជាចំណែកមួយនៃការបង្កើនគុណភាពសុខុមាលភាពជីវិត (well-being) ដែលមនុស្សម្នាក់ៗអាចកសាងបានតាមរយៈសកម្មភាពវិជ្ជមានប្រចាំថ្ងៃ ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី