អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ”
អត្ថបទដកស្រង់ដោយ : តាត សុផល
#MJQE#AmericanInterconSchool
ការសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ ក្នុង «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ នៅអង្គរ (When Shaolin Meets Bokator At Angkor)» ដែលបានប្រព្រឹត្តទៅនៅបរិវេណខាងជើងប្រាសាទបាយ័ន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង និងស្ថាប័ននានា តំណាងស្ថានទូតចិនប្រចាំកម្ពុជា សមាគមទេសចរណ៍ អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត សាធារណជន ក្រុមក្បាច់គុនសាវលីញ និងល្បុក្កតោ កម្ពុជា-ចិនសរុបជាង ១,៥០០នាក់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដល់ស្រទាប់យុវជន ប្រជាជននៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការបង្កើត “សហគមន៍ជោគវាសនារួមកម្ពុជា-ចិន”។ ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធីការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលក្រសួងទេសចរណ៍នឹងរៀបចំរវាងកម្ពុជា និងចិន ដើម្បីផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍។
គុនល្បុក្កតោកម្ពុជា បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ចំណែកក្បាច់គុនសាវលីញ ជាក្បាច់គុនតំណាងឱ្យប្រទេសចិន។ ឆ្នាំ២០២៤នេះ ជាឆ្នាំដែលកម្ពុជានិងចិន ផ្លាស់ប្ដូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញនូវការទស្សនាខេត្តសៀមរាបផងដែរ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
- https://tourism.gov.kh/2024/04/%E1%9E%96%E1%9F%92%E1%9E%9A%E1%9E%B9%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8E%E1%9F%8D%E1%9E%96%E1%9E%B7%E1%9E%96%E1%9F%90%E1%9E%9A%E1%9E%8E%E1%9F%8D%E1%9E%9C%E1%9E%94-3/
- https://cbssport.com.kh/23209/