ការរៀបចំការងារ និងជីវិតផ្ទាល់ខ្លួន

មនុស្សជាច្រើនពិតជាមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការបំពេញការងារ និងមើលថែគ្រួសារ។ នៅពេលខ្លះ ពួកគេភ្លេចទាំងខ្វាយខ្វល់ពីសុខភាពរបស់ពួកគេផងដែរ ហើយការធ្វើបែបនេះគឺវាមិនល្អនោះទេ។ យើងទាំងអស់គ្នាគួរចេះកំណត់តុល្យភាពរវាងការងារ និងជីវិតឱ្យបានត្រឹមត្រូវ ព្រោះវាអាចជួយយើងសម្រេចបាននូវប្រសិទ្ធភាពការងារ បានយូរអង្វែង និងមានភាពរីករាយក្នុងជីវិតខ្លួនផងដែរ។ ខាងក្រោមគឺជាគន្លឹះ៤យ៉ាង ដែលនឹងអាចជួយយើងសម្រេចបានតុល្យភាពរវាងការងារ និងជីវិត៖

១. កាត់បន្ថយកិច្ចការដែលមិនចាំបាច់ :
៨០%នៃលទ្ធផលការងារដែលសម្រេចបានមកគឺកើតចេញពី ២០%នៃសកម្មភាពការងារប្រចាំថ្ងៃរបស់   អ្នក។ អ្នកត្រូវកំណត់អាទិភាពការងារឱ្យបានច្បាស់លាស់ ថាតើការងារទាំងអស់ដែលអ្នកកំពុងធ្វើនោះ មួយណាសំខាន់ជាងមួយណា។ ប្រសិនបើវាមិនចាំបាច់ និងបន្ទាន់នោះទេ អ្នកគួរគប្បីទុកវាធ្វើនៅពេលក្រោយសិន។ នេះមិនមែនមានន័យថា ការងារនោះមិនសំខាន់ទេ ប៉ុន្តែវាប្រាកដជាអាចជួយសម្រាលបន្ទុកខ្លួនអ្នកជាមួយនឹងកិច្ចការដែលចាំបាច់ច្រើនពេក។

២. គ្រប់គ្រងពេលវេលាការងារឱ្យបានត្រឹមត្រូវ :
ការគ្រប់គ្រងពេលវេលាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពនៅពេលធ្វើការគឺពិតជាសំខាន់ណាស់ ព្រោះវាអាចជួយសម្រួលដល់ការសម្រេចការងាររបស់អ្នកប្រកបដោយភាពរលូន។ អ្នកគួរកំណត់ពេលឱ្យបាន ជាក់លាក់ក្នុងការធ្វើការងារផ្សេងៗក្នុងនោះមានដូចជា ការឆែកមើលអ៊ីម៉ែលទៅកាន់ដៃគូការងាររបស់អ្នក ឬរៀបចំកាលវិភាគប្រជុំនៅពេលផ្តោតអារម្មណ៍ក្នុងអំឡុងពេលថ្ងៃប្រសិនបើអាចធ្វើទៅបាន។ ការធ្វើបែបនេះ នឹងជួយឱ្យអ្នកបង្កើនចំនួនការងារដែលសម្រេចធ្វើបានក្នុងអំឡុងពេលម៉ោងធ្វើការងារបានកាន់តែច្រើនឡើងៗ។ ការដែលអ្នកព្យាយាមបញ្ចប់ការងារច្រើនមុខក្នុងពេលតែមួយ វាមិនបានជួយឱ្យអ្នកសម្រេចការងារទាំងអស់បានល្អនោះទេ។ 

៣. សហការបន្ថែមឱ្យបានច្រើន :
ការបង្កើនការសហការគ្នានៅកន្លែងធ្វើការអាចជួយសម្រាលបន្ទុកការងារ និងជួយក្នុងការគ្រប់គ្រងភាពតានតឹងខ្លះដល់អ្នកបាន។ ការសម្របខ្លួនទៅនឹងការងារជាក្រុមអាចជួយរក្សាតុល្យភាពការងារ និងជីវិតកាន់តែប្រសើរឡើងជាពិសេសនៅពេលដែលអ្នកមានគោលដៅការងាររយៈពេលវែង។ អ្នកអាចធ្វើវាបានតាមរយៈការចេះផ្ទេរភារកិច្ចមួយចំនួនទៅឱ្យក្រុមការងារដៃគូរបស់អ្នក។

៤. កុំភ្លេចពេលវេលាផ្ទាល់ខ្លួន :
អ្នកគួរតែរៀបចំឱ្យមានពេលវេលាផ្ទាល់ខ្លួន ដែលអ្នកចូលចិត្តធ្វើក្នុងពេលចុងសប្តាហ៍។ វាអាចជាការអានសៀវភៅ ការដើរកម្សាន្តជាមួយមិត្តភក្តិ ឬក្រុមគ្រួសារទៅតាមចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ វាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការមានអ្វីដែលអ្នកចូលចិត្តធ្វើនៅពេលទំនេរ។ អ្វីមួយដែលជាចំណូលចិត្តដែលអ្នកជ្រើសរើសធ្វើ គឺអាចជួយកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នកបានផងដែរ។

សរុបសេចក្តីមក មានតែការមានផែនការការងារជាក់ស្តែង និងច្បាស់លាស់ទើបជួយអ្នកឱ្យបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួនរបស់គេ៕

ដកស្រង់ចេញ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖ 
https://www.cioinsight.com/careers/10-principles-for-successful-work-life-balance
https://www.edweek.org/leadership/a-principals-guide-to-work-life-balan

ថ្ងៃទី 0៧ មេសា ២០២៣