លក្ខណៈសម្គាល់ និងគុណប្រយោជន៍របស់ផ្ការំដួល

តាំងពីសាធារណៈជនទូទៅ។ ក្រៅពីប្រដូចផ្ការំដួលទៅនឹងនារីខ្មែរតាមរយៈក្លិនក្រអូបនោះ ផ្ការំដួលក៏ត្រូវក្រុមអ្នកកវីនិពន្ធខ្មែរ លើកយកទៅធ្វើអត្ថា     ធិប្បាយរៀបរាប់ពីរូបសម្រស់ តួអង្គដែលល្អគន់ ធៀបនឹងសម្រស់ផ្ការំដួល នៅក្នុងអត្ថន័យនៃបទចម្រៀង កំណាព្យ និងប្រលោមលោកផងដែរ។
ក្នុងវិស័យកសិកម្ម ពូជស្រូវផ្ការំដួល គឺជាពូជស្រូវក្រអូប ដែលមានអង្ករវែងរលូន បាយទន់មានរសជាតិក្រអូបឆ្ងាញ់ និងចាត់ទុកជាប្រភេទស្រូវក្រអូបលេខ១ សម្រាប់បម្រើការនាំចេញផងដែរ។ ពូជស្រូវនេះ ត្រូវបានផ្សព្វផ្សាយជំរុញឱ្យកសិករខ្មែរប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា របស់ក្រសួងកសិកម្មតាំងតែឆ្នាំ១៩៩៩ ។ បច្ចុប្បន្ន ពូជផ្ការំដួល បាននិងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ខាងក្រោមនេះជាលក្ខណៈសម្គាល់ និងគុណប្រយោជន៍របស់ផ្ការំដួល៖

លក្ខណៈសម្បត្តិផ្ការំដួល :
ផ្ការំដួល  មានដុះនៅតាមសួនច្បារ ក្នុងក្រុងធំមួយចំនួននៅក្នុងប្រទេសកម្ពុជា។ កម្ពុជា បានកំណត់យករំដួលធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិតាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបរបស់ជាតិនេះ ក៏ដោយសារតែផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញ និងផ្តល់នូវអត្ថប្រយោជន៍ច្រើននៅក្នុងសង្គមខ្មែរ។ អាស្រ័យគុណប្រយោជន៍ទាំងនេះ ទើបក្រសួងកសិកម្មកំណត់យកផ្កា រំដួល ធ្វើជាតំណាងឱ្យវិស័យកសិកម្មផងដែរ។

លក្ខណៈរូប :
ចំណាត់ថ្នាក់ជីវសាស្ត្ររបស់រំដួល គឺស្ថិតក្នុងលំដាប់ Magnoliales អម្បូរ Annonaceae ពពួក Mitrella និងឋិតក្នុងប្រភេទ M.mesnyi។ រំដួល គឺជារុក្ខជាតិដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ «ផ្ការំដួល» មានពណ៌លឿង ស ក្រហម មានក្លិនសាយឆ្ងាយ ដែលចាស់បុរាណតែងប្រៀបទៅនឹងក្លិនស្រីក្រមុំ។ ផ្ការំដួល ដុះចេញពីខ្នែងមែក មានពីរស្រទាប់ និង៦ត្របក រៀបគ្នាជាពីរស្រទាប់ មានបីត្របក មានក្លិនក្រអូបឈ្ងុយឈ្ងប់ រីកនៅពេលល្ងាច និងសាយក្លិនក្រអូបតាមខ្យល់បានឆ្ងាយ។ ផ្ការំដួល មានដើមឈរបែកមែកសាខា មានកម្ពស់ពី៣ ទៅ១៥ម៉ែត្រ។ សម្បកដើមពណ៌ត្នោត រលោងរាបស្មើ តែមែកគ្រើមៗ មានស្លឹកទោលរៀងរលោង ស្រួចចុង និងពណ៌បៃតង    ចាស់។ ស្លឹកផ្នែកខាងក្រោម មានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌លឿងក្លិនក្រអូប។ រំដួលចាប់ផ្តើមផ្កាពីខែធ្នូ ដល់ខែមីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់១ ឬ២គ្រាប់ ផ្លែជាកញ្ចុំ ពេលទុំមានពណ៌ខ្មៅ មានរសជាតិជូរអែម។

គុណប្រយោជន៍របស់ផ្ការំដួល :
ខ្មែរពីបុរាណ បាននិយមប្រើប្រាស់ផ្ការំដួលធ្វើជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី ព្រោះតែក្លិនរបស់វាក្រអូបឈ្ងុយខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះ រំដួលមានគុណប្រយោជន៍ខាងឱសថក្នុងការកែរោគដូចជា សម្បកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការក្តៅខ្លួន ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់         អាការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម។ កេសររបស់រំដួល អាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការវិលមុខ និងខ្យល់គរផងដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
- https://cambonomist.com/articles/rumduol-flower-national-identity/
- http://pressnews.today/posts/20862