សញ្ញានៃជំងឺបេះដូង ដែលអ្នកគួរព្រួយបារម្ភ

អាការៈកើតឡើងនៅក្នុងខ្លួនតិចតួច មនុស្សភាគច្រើនបានគិតថាវាជារឿងធម្មតា វាជាបញ្ហាសុខភាពតូចតាចដែលធ្លាប់កើតទៅហើយ ឬធ្លាប់ឆ្លងកាត់ ដូចច្នេះអ្នកខ្លះមិនសូវរវីរវល់ចាប់អារម្មណ៍ឡើយ។ យ៉ាងណាអាការៈទាំងនេះ ក៏មិនមែនជាបញ្ហាតូចតាចដូចយើងគិតទាំងអស់នោះទេ ព្រោះថាអាចជារោគសញ្ញានៃជំងឺបេះដូង ដែលជាឃាតកលេខ១ សម្លាប់មនុស្សអស់ច្រើនបំផុតលើពិភពលោក។  ភាគច្រើនមនុស្សដែលមានអាយុ៦០ឆ្នាំ ឬចាស់ជាងនេះ អ្នកលើសទម្ងន់ អ្នកកើតជំងឺទឹកនោមផ្អែម អ្នកមានកូឡេស្តេរ៉ូលខ្ពស់ ឬសម្ពាធឈាមខ្ពស់ សុទ្ធតែមានលទ្ធភាពអាចប្រឈមនឹងជំងឺបេះដូង។ ឈឺចាប់ត្រង់ដើមទ្រូង នេះគឺជារោគសញ្ញាទូទៅ និងញឹកញាប់បំផុតនៃជំងឺបេះដូង។ វាអាចធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលដូចជាមានអ្វីមកសង្កត់ឱ្យធ្ងន់នៅក្នុងទ្រូង។ យ៉ាងណាមិញ ក្រៅពីនេះក៏នៅមានអាការៈជាច្រើនទៀតដែលបង្ហាញថាអ្នកកំពុងតែមានជំងឺបេះដូង ក្នុងនោះមានដូចជា៖

១. វិលមុខ ឈឺក្បាល :
មានកត្តាជាច្រើនដូចជា មិនបានទទួលទានអាហារ ផឹកទឹកមិនបានគ្រប់គ្រាន់។ល។ វាអាចធ្វើឱ្យអ្នក មានអារម្មណ៍ថាគ្មានលំនឹង ឬខ្សោយអស់កម្លាំង។ ប៉ុន្តែប្រសិនបើអ្នកធម្មតាទាំងអស់ តែនៅសុខៗបែរជាគ្មានលំនឹង នឹងមានអាការៈមិនស្រួលក្នុងទ្រូង ពិបាកដកដង្ហើម បានន័យថាបេះដូងរបស់អ្នកកំពុងតែមានភាពមិនប្រក្រតីហើយ ដូច្នេះសូមប្រញាប់ទៅពិគ្រោះជាមួយពេទ្យជាបន្ទាន់។

២. ក្អួតចង្អោរ ក្រហាយដើមទ្រូង ឬឈឺពោះ :
មនុស្សមួយចំនួនមានរោគសញ្ញាទាំងនេះ នៅពេលមានជំងឺគាំងបេះដូង។ ពួកគេថែមទាំងក្អួតចង្អោរខ្លាំងៗទៀតផង។ បើយោងតាមប្រភពសារព័ត៌មានបរទេស ស្ត្រីត្រូវបានរាយការណ៍ថាទំនងជាមានរោគសញ្ញាអស់ទាំងនេះច្រើនជាងបុរសទៅទៀត។ 

៣. ចង្វាក់បេះដូងខុសប្រក្រតី :
វាជារឿងធម្មតាដែលបេះដូងរបស់យើងលោតញាប់ នៅពេលដែលមានរឿងធ្វើឱ្យភ័យ ឬរំភើបអ្វីមួយ។ ប៉ុន្តែ ប្រសិនបើគ្មានរឿងអ្វីកើតឡើងសោះ តែអ្នកបែរជាមានអារម្មណ៍ថាបេះដូងបានកំពុងតែលោតស្ទើរតែចេញមកក្រៅ ហើយកើតឡើងជាញឹកញាប់ទៀតនោះ ច្បាស់ណាស់វាអាចជារោគសញ្ញាបេះដូងហើយ។ 

៤. ឈឺបំពង់ក ឬឈឺថ្គាម :
ថ្គាម ឬបំពង់ក ភាគច្រើនវាបង្កឡើងដោយបញ្ហាសាច់ដុំ ឬក៏មានជំងឺផ្តាសាយ ហើយយើងក៏មិនដែលគិតថាវាមានជាប់ទាក់ទងគ្នានឹងបញ្ហាបេះដូងឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកមានការឈឺចាប់ ឬមានសម្ពាធនៅកណ្តាលដើមទ្រូងរបស់អ្នក ដែលរាលដាលឡើងទៅក្នុងបំពង់ក ឬថ្គាម វាក៏អាចជាសញ្ញានៃជំងឺគាំងបេះដូង។ 

៥. បែកញើស :
ការបែកញើស ដែលគ្មានហេតុផលច្បាស់លាស់ អាចជារោគសញ្ញានៃជំងឺគាំងបេះដូង។ ប្រសិនបើមានបញ្ហានេះកើតឡើង រួមជាមួយនឹងអាការៈណាមួយនៃរោគសញ្ញាផ្សេងទៀត អ្នកគួរទៅពេទ្យជាបន្ទាន់ និងព្យាយាមកុំធ្វើដំណើរទៅម្នាក់ឯងឱ្យសោះ។

៦. អស់កម្លាំង :
ប្រសិនបើអ្នកមានអារម្មណ៍ថាចេះតែអស់កម្លាំង ឬខ្សោយដោយគ្មានមូលហេតុច្បាស់លាស់ អាការៈនេះអាចជារោគសញ្ញានៃជំងឺគាំងបេះដូង ជាពិសេសសម្រាប់ស្ត្រីតែម្តង។ 

៧. គេងស្រមុក :
អ្នកអាចគិតថាវាជារឿងធម្មតាក្នុងការដែលគេងស្រមុកជាប្រចាំទៅហើយ។ ប៉ុន្តែទោះយ៉ាងណា ការគេងស្រមុកខ្លាំងៗមិនប្រក្រតី ប្រៀបដូចជាដង្ហក់ៗ ឬឈ្លក់ អាចជាសញ្ញានៃការគេងដែលមិនបានដកដង្ហើម ។ អ្នកនឹងឈប់ដកដង្ហើមក្នុងរយៈពេលយ៉ាងខ្លីជាច្រើនដងនៅពេលយប់ ខណៈពេលដែលអ្នកកំពុងតែដេកលក់។ វានឹងបណ្តាលឱ្យមានភាពតានតឹង និងបង្កសម្ពាធទៅលើបេះដូងរបស់អ្នក។
 
៨. ក្អក :
 ក្នុងករណីនេះ ភាគច្រើនមិនមែនជារោគសញ្ញានៃបញ្ហាបេះដូងដំណាក់កាលដំបូងទេ។ ប៉ុន្តែ ប្រសិនបើអ្នកកំពុងមានជំងឺបេះដូង ឬដឹងថាជំងឺរបស់អ្នកកំពុងមានហានិភ័យ អ្នកក៏គួរតែយកចិត្តទុកដាក់លើរោគសញ្ញាមួយនេះ។ ប្រសិនបើក្អកមិនឈប់ថែមទាំងចេញស្លេសពណ៌ស ឬផ្កាឈូក វាអាចជាសញ្ញានៃបញ្ហាបេះដូងហើយ។
 
៩. ហើមជើង :
ជើង និងប្រអប់ជើង អាចនឹងហើមគ្រប់ពេល អាស្រ័យលើហេតុផលសុខភាពមួយចំនួន រាប់បញ្ចូលទាំងការឡើងកម្តៅនៅតំបន់ដូចគ្នា។ ពិតណាស់បញ្ហាហើមជើង ពេលមួយថ្ងៃបើជាធម្មតាវា អាចនឹងបាត់ទៅវិញក្រោយបានសម្រាក ប៉ុន្តែបើវាជាអាការៈទៀងទាត់ ឬកាន់តែធ្ងន់ធ្ងរឡើង នេះអាចជាសញ្ញាបង្ហាញថាបេះដូងកំពុងមានបញ្ហា។ នៅពេលដែលបេះដូង មិនអាចធ្វើចលនាឈាមបានគ្រប់គ្រាន់ ឈាមនឹងឡើងចូលទៅក្នុងសរសៃឈាម ហើយក៏បណ្តាលឱ្យហើម ហើយបញ្ហាខ្សោយបេះដូង អាចធ្វើឱ្យតម្រងនោមកាន់តែពិបាកទាញយកជាតិទឹក និងសូដ្យូមពីរាងកាយ ដែលវាក៏អាចនាំឱ្យមានអាការៈហើមដូចគ្នា៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.vayofm.com/news/detail/103464-160999248.html

 

 

ថ្ងៃទី០៥ ឧសភា ២០២៣