អត្ថប្រយោជន៍ដែលទទួលបានពីស្ករត្នោត

ប្រទេសកម្ពុជាយើងសម្បូរទៅដោយដើមត្នោត ហើយដើមត្នោតមានប្រយោជន៍ច្រើនយ៉ាងដូចជាដើមវាគេអាចយកមកធ្វើផ្ទះ ឬធ្វើវត្ថុប្រើប្រាស់ផ្សេងៗទៀត ស្លឹកវាគេអាចដេរក្រងយកទៅប្រក់ធ្វើជាដំបូលផ្ទះ ខ្ទម ឬរោងផ្សេងៗ រីឯផ្កាវាគេគាបត្រងយកទឹកមករម្ងាស់រហូតក្លាយជាស្ករ។ ស្ករត្នោត មិនត្រឹមតែត្រូវបានគេយកទៅធ្វើជាអាហារ បង្អែម ឬនំសម្រាប់បរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពរបស់យើងទៀតផង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទទួលបានពីស្ករត្នោតចំពោះសុខភាព៖

១. ផ្តល់នូវសារធាតុរ៉ែយ៉ាងច្រើន : ស្ករត្នោតមានសាធាតុរ៉ែចាំបាច់ខ្ពស់ជាងស្ករផ្សេងៗ។ ជាពិសេសរ៉ែដែកគឺជាសារធាតុសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ឬមនុស្សដែលខ្វះឈាម។                                                                                                                     

២. សម្បូរសារធាតុចិញ្ចឹម : ស្ករត្នោតមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម ប៉ូតាស្យូមផូស្វ័រ អាសូត ស័ង្កសី... ដែលសារធាតុទាំងនេះអាចជួយឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងជំនួយដល់មុខងារខួរក្បាលថែមទៀតផង។

៣. បំបាត់ឈឺក្បាលប្រកាំង : អាការឈឺក្បាលប្រកាំង គឺជាជំងឺមួយប្រភេទដែលតែងតែកើតឡើងចំពោះមនុស្សក្នុងសម័យទំនើបនេះ។ ក៏ប៉ុន្តែស្ករត្នោតក៏អាចជួយព្យាបាលបញ្ហាមួយនេះបានដែរ ដោយគ្រាន់តែញ៉ាំប្រហែលជា២០ក្រាម អ្នកនឹងមានអារម្មណ៍ធូរស្រាលវិញភ្លាម។
                      
៤. ល្អសម្រាប់កុមារ : ស្ករត្នោត មិនត្រឹមតែល្អសម្រាប់ប្រព័ន្ធរំលាយអាហារកុមារនោះទេ វាក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពដែរ។ អត្ថប្រយោជន៍សំខាន់បំផុត គឺបង្កើនប្រព័ន្ធភាពស៊ាំ បង្ការភាពស្លេកស្លាំង លាងសម្អាតថ្លើម និងជួយរក្សាឆ្អឹងឱ្យមានសុខភាពល្អ។ តែទោះជាយ៉ាងណាក៏ដោយ ស្ករត្នោតគួរតែប្រើក្នុងកម្រិតមធ្យម។                                                                    

៥. ការពារបញ្ហាទល់លាមក : ស្ករត្នោតអាចជួយឱ្យប្រព័ន្ធពោះវៀនដំណើរការបានល្អ ហើយការទទួលទានជាប្រចាំអាចជួយការពារការទល់លាមកចំពោះកុមារ។ មិនតែប៉ុណ្ណោះ វាអាចធ្វើឱ្យអង់ហ្ស៊ីមរំលាយអាហារមានភាពសកម្ម និងលើកកម្ពស់ដល់ការរំលាយអាហារចំពោះកុមារតូចៗ។      

៦. ជួយឱ្យឆ្អឹងមានភាពរឹងមាំ : សារធាតុរ៉ែ កាល់ស្យូម ផូស្វ័រ ព្រមទាំងសារធាតុចិញ្ចឹមចាំបាច់ ដែលមាននៅក្នុងស្ករត្នោត អាចជួយរក្សាឆ្អឹង និងជាលិការបស់កុមារឱ្យមានសុខភាពល្អ។
                   
 ៧. ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ : ស្ករត្នោតត្រូវបានគេប្រើក្នុងឱសថព្យាបាលក្អក និងផ្តាសាយ អាចត្រូវបានដាក់បន្ថែមនៅក្នុងតែខ្ញី ព្រោះវាជាឱសថដ៏ល្អសម្រាប់ជំងឺផ្តាសាយ។ ដោយសារវាសម្បូរទៅដោយម៉ាញ៉េស្យូមវាក៏មានឥទ្ធិពលបន្ធូរអារម្មណ៍លើប្រព័ន្ធសសៃប្រសាទរបស់យើងផងដែរ។

៨. កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម : ស្ករត្នោតត្រូវបានគេចាត់ទុកថាជាអាហាររូបបត្ថម្ភមួយប្រភេទដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបានដោយសារការបរិភោគវាគឺមិនធ្វើឱ្យប៉ះពាល់ដល់ជាតិអាំងស៊ុយលីននៅក្នុងខ្លួនរបស់មនុស្សទេ។

៩. កាត់បន្ថយជំងឺមហារីក : តាមការសិក្សាស្រាវជ្រាវបង្ហាញឱ្យដឹងថា ស្រ្តីដែលប្រើស្ករត្នោតមកធ្វើជារបបអាហារ គឺមានអត្រានៃអ្នកកើតមហារីកទាបជាងស្ត្រីមានរបបអាហារដោយប្រើស្ករធម្មតា។

 ១០. បង្កើនប្រព័ន្ធភាពស៊ាំ : សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែដ៏សម្បូរបែបដូចជា សេលេនីញ៉ូម និងស័ង្កសី អាចជួយការពារកុំឱ្យគ្រោះថ្នាក់ដល់កោសិកា ដោយសារតែសកម្មភាពរបស់រ៉ាឌីកាល់សេរី។ នេះជាហេតុផលដែលធ្វើឱ្យស្ករត្នោតមានសមត្ថភាពបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគផ្សេងៗ។
                                                                                                         
 ១១. ល្អសម្រាប់ស្បែក : បើទោះបីជាអ្នកមានមុន ឬបូសនៅលើស្បែកក៏ដោយស្ករត្នោតអាចជួយសម្រាលបាន។ គ្រាន់តែអ្នកញ៉ាំស្ករត្នោតជារឿយៗប្រចាំថ្ងៃ ស្បែករបស់អ្នកនឹងត្រលប់មកជាស្រស់ស្អាត ហើយគ្មានបញ្ហាលើស្បែកទៀតឡើយ។
                                                                                  
 ១២. ផ្តល់ថាមពល : ស្ករត្នោតមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត ដែលអាចជួយដល់រាងកាយក្នុងការរំលាយលឿនជាងស្ករស។ ប្រសិនបើអ្នកញ៉ាំស្ករត្នោតវានឹងរក្សាទុកថាមពល ហើយបញ្ចេញមកប្រើប្រាស់ពេលដែលចាំបាច់។

ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃស្ករត្នោត ក៏ប៉ុន្តែទោះបីជាស្ករត្នោតសម្បូរទៅដោយសារធាតុចិញ្ចឹមក៏ដោយ ក៏យើងគួរតែប្រើវាក្នុងកម្រិតមធ្យម ដើម្បីបញ្ចៀសពីបញ្ហាលើសសារធាតុចិញ្ចឹមផ្សេងៗ ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖https://sbm.news/articles/61d8f915362ac8a4571ec2ad