បច្ចេកវិទ្យា ChatGPT នឹងមានតួនាទីសំខាន់ខ្លាំងក្នុងវិស័យអប់រំនាពេលអនាគត

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យាសិប្បបញ្ញានិម្មិត (AI) អាមេរិក ឈ្មោះ OpenAI បានដាក់ដំណើរការបច្ចេកវិទ្យាថ្មីឈ្មោះ ChatGPT។ បច្ចេកវិទ្យាមួយនេះ មានសមត្ថភាពសន្ទនា និងឆ្លើយរាល់សំណួរទៅកាន់អ្នកសិក្សា។ ក្រោយពីដាក់ដំណើរការបានមួយរយៈខ្លី បច្ចេកវិទ្យានេះត្រូវបានគេយកទៅប្រើប្រាស់ជុំវិញពិភពលោក និងបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ OpenAI កាន់តែល្បីខ្ទរខ្ទាររឹតតែខ្លាំងឡើង។ ទន្ទឹមនឹងនេះ វិស័យដែលទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ ពីការដាក់ដំណើរការ ChatGPT មានដូចជា វិស័យបច្ចេកវិទ្យា វិស័យអប់រំ វិស័យសេវាកម្ម វិស័យផលិតកម្ម វិស័យហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតជាច្រើន។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលវិស័យអប់រំទទួលបានពីបច្ចេកវិទ្យា ChatGPT៖

១. សម្រួលការសរសេរសំណេរ : គំរូ ChatGPT មានសក្តានុពលជួយសិស្សបង្កើនជំនាញសរសេរបានកាន់តែប្រសើរ តាមរយៈបច្ចេកវិទ្យា NLG (Natural Language Generation) ដែលមានសមត្ថភាពវិភាគប្រធានបទ ហើយបង្ហាញគោលគំនិតសំខាន់ៗ រួចសរសេរ និងកែសម្រួលខ្លឹមសារបាន។ ដូច្នេះសិស្សអាចប្រើកម្មវិធីនេះជាជំនួយដល់ការសរសេរសំណេររបស់គេបានដោយងាយ និងចំណេញពេល។ 

២. បកប្រែបានច្រើនភាសា : យើងអាចប្រើ ChatGPT ដើម្បីបកប្រែអត្ថបទពីភាសាមួយ ទៅភាសាមួយទៀតបានយ៉ាងងាយ ហើយបច្ចេកវិទ្យានេះមានសមត្ថភាពយល់ការលើឃ្លោងឃ្លា និងអត្ថន័យភាសាបានច្រើន ដែលអនុញ្ញាតឱ្យសិស្សកំពុងរៀនភាសាថ្មី ប្រើវាជាជំនួយសម្រាប់ការរៀនភាសារបស់គេ      បាន។ 

៣. ប្រសិទ្ធភាពស្វ័យសិក្សា : មិនត្រឹមតែផ្ដល់មាតិកាមេរៀនសម្បូរបែបមួយមុខទេ ក្នុងគំរូ ChatGPT ក៏កំណត់នូវកម្រិតនៃមាតិកាមេរៀន និងសម្ភារសិក្សា ដែលស័ក្តិសមនឹងសមត្ថភាពសិស្សម្នាក់ៗផងដែរ។ ហេតុនេះ សិស្សធ្វើការស្វ័យសិក្សាកាន់តែមានប្រសិទ្ធភាពជាងមុន នៅពេលជ្រើសរើសមុខវិជ្ជាដែលខ្លួនចង់រៀន រួមជាមួយនឹងគោលដៅច្បាស់លាស់។ 

៤. ជំនួយដល់ការស្រាវជ្រាវ : គំរូ ChatGPT មានសក្តានុពលក្នុងការជួយដល់សិស្សសិក្សាស្រាវជ្រាវបានច្រើនតាមរយៈការបង្ហាញនូវសម្ភារៈ ដែលត្រូវប្រើសម្រាប់ការស្រាវជ្រាវ និងប្រភពឯកសារដែលពាក់ព័ន្ធនឹងប្រធានបទ។ 

៥. ដោះស្រាយលំហាត់គណិតវិទ្យា : សមត្ថភាពពិសេសដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់គំរូ ChatGPT គឺវាមានសមត្ថភាពយល់ និងផ្ដល់នូវដំណោះស្រាយលំហាត់គណិតវិទ្យាទៅអ្វីតាមមនុស្សចង់បាន។ 

៦. មានសមត្ថភាពសរសេរកូដ : គំរូ ChatGPT ក៏អាចប្រើដើម្បីសរសេរមូលដ្ឋានកូដនៅក្នុងភាសាកុំព្យូទ័រ ជាច្រើនកម្មវិធី។ 

សរុបមក ស្របតាមការបង្ហាញខាងលើបច្ចេកវិទ្យា ChatGPT នឹងមានឥទ្ធិពលខ្លាំងក្នុងវិស័យអប់រំនាពេលអនាគត ជាពិសេសនៅក្នុងដំណើរការសិក្សាស្រាវជ្រាវ និងស្វ័យសិក្សា ព្រមទាំងធ្វើឱ្យវិធីសាស្ត្រអប់រំ និងសិក្សាមានការផ្លាស់ប្ដូរ។ យ៉ាងណាមិញ ទោះជាបច្ចេកវិទ្យានេះមានសមត្ថភាពបំពេញការងារបានច្រើនមុខក្ដី ក៏មិនអាចបំពេញការងារបានល្អឥតខ្ចោះនោះដែរ ដោយមានពេលខ្លះក៏ផ្ដល់នូវទិន្នន័យ ឬចម្លើយមិនត្រឹមត្រូវជាដើម៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://education.ams.com.kh/education-update/international/news/chat-gpt-technology-will-play-a-very-important-role-in-education-in-the-future/

ថ្ងៃទី ០៦ មីនា ២០២៣