វិធីងាយៗធ្វើឱ្យចុងសប្ដាហ៍របស់អ្នកកាន់តែមានន័យ

ថ្ងៃចុងសប្ដាហ៍ហើយអ្នកមានអារម្មណ៍ថាហត់នឿយ ធុញថប់ ហើយមិនដឹងត្រូវធ្វើម៉េចទើបសប្បាយមែនអត់? ថ្ងៃនេះខ្ញុំសូមណែនាំវិធី១០យ៉ាងដើម្បីធ្វើឱ្យថ្ងៃចុងសប្ដាហ៍អ្នកកាន់តែរីករាយ និងមានន័យមានដូចខាងក្រោម៖

១. រៀបចំគម្រោងធ្វើការងារដែលអ្នកចង់ធ្វើទៅកន្លែងអ្នកចង់ទៅជួបមនុស្សដែលអ្នកចង់ជួប :
ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ បើអ្នកនឹកឃើញថាចង់ធ្វើអីមួយ ឬទៅលេងកន្លែងណា គួរកត់វាទុកទាំងអស់ ចៀសវាងរវល់ពេកទម្រាំដល់ចុងសប្ដាហ៍អ្នកអាចភ្លេច។ គុណប្រយោជន៍នៃការកត់ទុកអាចជួយឱ្យអ្នករៀបចំគម្រោងសន្សឹមៗកាន់តែល្អ ឬងាយស្រួលប្រសិនបើអ្នកចង់អញ្ជើញមិត្តភក្តិចូលរួមសប្បាយទាំងអស់គ្នា។

២. ជួបជុំមិត្តភ័ក្ដិស្និទស្នាល :
ជួបជុំមិត្តភ័ក្ដិអង្គុយនិយាយគ្នាលេង ពេលខ្លះអាចចេញគំនិតថាត្រូវទៅណាបន្តក៏ថាបាន ព្រោះគ្នាច្រើនគំនិតច្រើន។ ប៉ុន្តែកុំភ្លេចយកអីទៅញ៉ាំផង ព្រោះពេលជួបម្ដងៗមិនខ្វះរឿងនិយាយទេ។

៣. ជួបមិត្តថ្មីដើម្បីស្វែងយល់ពីគ្នាបន្ថែម :
ពេលខ្លះអ្នកបានស្គាល់មិត្តថ្មីដែលនិយាយត្រូវគ្នា មានចំណូលចិត្តដូចគ្នា ឬស្រដៀងគ្នានឹងអ្នក ដូច្នេះអ្នកប្រហែលចង់ចំណាយពេលវេលាដើម្បីស្វែងយល់ពីគេបន្ថែម។ កុំខ្ជះខ្ជាយចុងសប្ដាហ៍ អ្នកគួរបបួលមិត្តថ្មី ដែលអ្នកចង់ស្គាល់កាន់តែច្បាស់ ញ៉ាំអាហារពេលព្រឹក ផឹកកាហ្វេ ឬធ្វើ BBQ ជាដើម។

៤. ចេញក្រៅក្រុងស្រូបខ្យល់អាកាសបរិសុទ្ធ និងមើលទេសភាពប្លែកភ្នែកនៅជនបទ :
អ្នកគួរបបួលអ្នកផ្ទះ ឬមិត្តស្និទស្នាលជិះរថយន្តកម្សាន្តចេញក្រៅក្រុងរកមើលកន្លែងណាមួយដែលមានទេសភាពស្រស់ស្អាតដើម្បីអង្គុយ ឬថតរូបលេង។ នេះជាការដើរកម្សាន្តបែបផ្សងព្រេង ដែលអ្នកមិនបាច់ត្រូវកំណត់គោលដៅឱ្យច្បាស់លាស់នោះទេ គឺដល់កន្លែងណាដែលអ្នកពេញចិត្ត អ្នកឈប់សម្រាកតែម្ដង។ ដើរលេងបែបនេះអ្នកមិនបាច់ត្រូវត្រៀមម្ហូបអាហារច្រើនឱ្យស្មុគស្មាញទេ ព្រោះអ្នកអាចទិញម្ហូបលក់តាមភូមិស្រុកនោះបានប្លែកមាត់ផង។ 

៥. កុំញ៉ាំជាតិស្រវឹង :
អ្នកខ្លះជុំគ្នាញ៉ាំគ្រឿងស្រវឹងនៅថ្ងៃចុងសប្ដាហ៍ ហើយពេលផឹកច្រើនជ្រុលនាំឱ្យមិនស្រួលខ្លួន មិនអាចធ្វើអីបាននៅថ្ងៃបន្ទាប់ ជាហេតុធ្វើឱ្យចុងសប្ដាហ៍កន្លងផុតទៅឥតប្រយោជន៍។

៦. រៀបពេលវេលាសម្រាប់ខ្លួនឯងខ្លះ :
បើយើងធ្វើនេះធ្វើនោះច្រើនវាអាចនឹងសប្បាយ ប៉ុន្តែវាអាចនឹងហត់ហើយក៏មានអារម្មណ៍ថាធ្វើច្រើនពេក។ ចៀសវាងអារម្មណ៍បែបនេះគួរយកពេលសម្រាកអានសៀវភៅ ស្ដាប់ចម្រៀង។

៧. ធ្វើការងារកំប៉ិកកំប៉ុកនៅផ្ទះ :
ដើម្បីឱ្យចុងសប្ដាហ៍កាន់តែមានន័យ អ្នកគួរធ្វើការងារដែលមានប្រយោជន៍ក្នុងផ្ទះ ដូចជាចំណាយពេលនៅផ្ទះរៀបចំទូខោអាវ ជ្រើសរើសឱ្យហើយថាឈុតណាត្រូវពាក់ទៅធ្វើការនៅសប្ដាហ៍ក្រោយ រៀបចំកែប្រែទម្រង់បន្ទប់គេងអ្នក ប្តូរកម្រាលពូក ស្រោមខ្នើយ ឬធ្វើម្ហូបប្លែកៗ ឆ្ងាញ់ៗ តម្រូវចិត្តក្រុមគ្រួសារជាដើម។

៨. តែងខ្លួនស្អាតដើរផ្សារមើលទំនិញដែលខ្លួនចូលចិត្ត :
បើអ្នកជាមនុស្សដែលរវល់ខ្លាំងរហូតមិនសូវមានពេលដើរផ្សារមើលអីវ៉ាន់ដែលខ្លួនចូលចិត្ត អ្នកត្រូវតែដើរនៅថ្ងៃចុងសប្តាហ៍។ ធម្មតាដើរមានគ្នាពីរបីអ្នកទើបសប្បាយ ព្រោះបានជជែកគ្នា និងថតរូប selfie លេង។ តែបើប៉ះចំរដូវបញ្ចុះតម្លៃវិញ ទោះដើរផ្សារម្នាក់ឯងក៏សប្បាយដែរ។

៩. រកអ្វីមកកម្សាន្តថ្មីៗ :
អ្នកគួរតែរកអ្វីថ្មីមកកម្សាន្ត បើអាចគួរចូលរួមជាមួយក្លិបអ្វីមួយ ដើម្បីទទួលបានអ្វីថ្មី ជួបមនុស្សថ្មី ឧទាហរណ៍ក្លិបជិះកង់ រត់ម៉ារ៉ាតុន ជិះសេះ លេងស្គី ជាដើម។ រកអ្វីដែលជាធម្មតាអ្នកមិនសូវធ្វើអ្វីដែលប្លែក អ្វីដែលថ្មី  ដូចពាក្យចាស់ពោលថា «អ្នកមិនអាចធ្វើដដែលៗ ហើយរំពឹងថាបានលទ្ធផលផ្សេងនោះទេ»។

១០. លេងកីឡា :
គួរតែលេងកីឡាខ្លះទោះមិនបានច្រើនក៏ដោយ ព្រោះវាជួយឱ្យសុខភាពយើងល្អ និងសប្បាយចិត្តទៀត ណាមួយវាល្អជាងសម្រាកនៅផ្ទះមើលទូរទស្សន៍។ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/901018

 

 

ថ្ងៃទី២៣ ឧសភា ២០២៣