ដើមកំណើតរបាំ និងឧបករណ៍គែន

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ដើមកំណើតរបាំ និងឧបករណ៍គែន”
អត្ថបទដកស្រង់ដោយ : ហ៊ិន ស្រីពៅ
#MJQE#AmericanInterconSchool

អត្ថន័យនៃពាក្យគែន :
ពាក្យ «គែន» មានន័យថា ជាការស្រឡាញ់ ការគោរពបូជា ឬជាការលេងដើម្បីដាស់ព្រលឹង។ គែនក៏ជាឈ្មោះគ្រឿងភ្លេងមួយបែបសម្រាប់ផ្លុំធ្វើដោយឫស្សីពកតូចៗ ឬដោយឫស្សីភ្នំ២យ៉ាង។ គេយកកំណាត់ឫស្សីនោះមកតម្រៀបជាពីរជួរចងផ្អោបគ្នា ក្នុង១ជួរចំនួន៥កំណាត់ក៏មាន ៦កំណាត់ក៏មាន ៨កំណាត់ក៏មាន និងមានអណ្ដាតសម្រាប់ផ្លុំ ឮសូររំពងស្រួយ ហើយដើម្បីបន្លឺសូរសំឡេងគែន អ្នកលេងអាចផ្លុំខ្យល់ចូល និងបឺតខ្យល់ចេញ។ វិធីនេះ វាមានភាពស្រដៀងទៅនឹងឧបករណ៍ម៉ូនីកាដែលគេត្រូវផ្លុំ និងបឺតខ្យល់ចូលដើម្បីបន្លឺសំឡេង។ គេជឿថាម៉ូនីកាអាចនឹងវិវដ្តចេញពីឧបករណ៍គែនខ្មែរផងដែរ។

ដើមកំណើតរបាំ និងឧបករណ៍គែន :
បើនិយាយពីឧបករណ៍គែន ត្រូវបានខ្មែរមួយចំនួនយល់ថា ជារបស់ប្រទេសឡាវ ថៃ ខ្មែរសុរិន្ទ ឬរបស់អ្នកស្ទឹងត្រែងជាដើម តែឧបករណ៍ភ្លេងនេះ គឺបុព្វបុរសខ្មែរបានបង្កើតមកតាំងពីសម័យបុរេប្រវត្តិ ពោលគឺមានតាំងពីមុនកំណើតនៃប្រទេសឡាវទៅទៀត ។បើយោងតាមឯកសារខ្លះបានអះអាងថា ឧបករណ៍គែនត្រូវបានគេរកឃើញក្នុងសតវត្សទី៦ ហើយភស្តុតាងមួយចំនួនត្រូវបានរកឃើញថា មានរូបគែននៅក្នុងស្គរមហោធឹក ដែលមានតាំងនៅក្នុងសារមន្ទីរជាតិកម្ពុជាសព្វថ្ងៃ។

បើនិយាយពីរបាំវិញខ្មែរយើងមានរបាំមួយ ដែលត្រូវបានគេឱ្យឈ្មោះថា «របាំគែន ឬ ល្ខោនគែន» រីឯប្រទេសឡាវក៏មានដូចគ្នា ឡាវបានឱ្យឈ្នោះរបាំនោះថា «ល្ខោនឡាំ»។ «ឡាំ» មានន័យជាខ្មែរថា គែននេះឯង។ ល្ខោនគែន មានវត្តមានចេញពីក្នុងព្រះបរមរាជវាំង នារាជធានីភ្នំពេញ ក្នុងរាជព្រះបាទនរោត្តម សីហនុ អំឡុងឆ្នាំ១៩៤០-១៩៥៥ ។ អំឡុងឆ្នាំ១៩៤៥ គ្រូ «ល្ខោនគែន» ជនជាតិឡាវបួននាក់ បានមកបង្ហាត់ដល់សិល្បការិនីខ្មែរក្នុងព្រះបរមរាជវាំង។ ប៉ុន្តែ ហាក់ដូចជាមានលក្ខណៈខុសប្លែកពីល្ខោនឡាំរបស់ឡាវ ដែលមានសម្តែងនៅក្រុងវៀងច័ន្ទ និងទីដទៃទៀតក្នុងប្រទេសឡាវសព្វថ្ងៃ គេមានអ្នកសម្តែងជាប្រុស និងស្រី ហើយយកគែនទៅប្រគុំជាមួយនឹងវង់តន្ត្រីសម័យ។

តាំងតែពីដើមមក ល្ខោននេះមានសម្តែងតែនៅក្នុងព្រះបរមរាជវាំងសម្រាប់កែកម្សាន្ត ឬសម្រាប់ពិធីបុណ្យនៃព្រះបរមរាជវាំងតែប៉ុណ្ណោះ។ ដូច្នេះហើយ ទើបមានអ្នកស្គាល់ ឬចេះចាំល្ខោននេះតិចណាស់ ។ លុះមកដល់អំឡុងទសវត្សឆ្នាំ១៩៦០ «ល្ខោនគែន» ក៏ត្រូវវិនាសសាបសូន្យ អាក់ខានលែងបាន     សម្តែងជារៀងរហូតមក។ រហូតមកដល់ឆ្នាំ២០០០ ទើបគណៈកម្មការស្រាវជ្រាវរប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានលោក ពេជ្រ ទុំក្រវិល ជាប្រធាន និងដោយមានជំនួយពីអង្គការ UNESCO បានរៀបចំកម្មវិធីមួយឡើង ដោយមានការសម្តែងល្ខោនគែន ផងដែរ។ កម្មវិធីនោះបានអញ្ជើញគ្រូដែលធ្លាប់បានហាត់ល្ខោនគែននេះនៅព្រះបរមរាជវាំងពីជំនាន់មុនមានអ្នកគ្រូធាយ និងអ្នកគ្រូ អ៊ុន បូ ឱ្យមកបង្ហាត់បង្រៀនសិល្បការិនីផ្នែករបាំបុរាណនៃនាយកដ្ឋានសិល្បៈ ហើយបានលើកយកអន្លើមួយនៃរឿងក្រៃថោងមកសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាក្នុងទិវាវប្បធម៌ នៅរោងមហោស្រពចតុមុខ។

យោងតាមឯកសារខ្លះទៀតថា ល្ខោនគែនមានប្រជាជនខ្មែរភូមិភាគឥសាន្ត នៅលេងជាប្រពៃណីរបស់ខ្លួនជាក់លាក់។ ក្នុងឆ្នាំ១៩៨៥ ក្រុមសាស្ត្រាចារ្យតូរ្យតន្ត្រីបុរាណខ្មែរមួយក្រុម បានទៅសិក្សានៅប្រទេសឡាវ ដើម្បីស្វែងយល់ពីឧបករណ៍ និងរបាំគែនឡើងវិញ តែអ្វីជាកត់សម្គាល់ឧបករណ៍គែន ពុំមានខ្មែរណាម្នាក់អាចផលិតបានឡើយ ជារួមមានន័យថាខ្មែរយើងបានយកពីឡាវទាំងស្រុង។ បើនិយាយពីឧបករណ៍នេះ នៅប្រទេសថៃ និងឡាវ គែន ត្រូវបាននិយមលេងណាស់ សូម្បីក្មេងៗក៏ចេះផ្លុំលេងដែរ។ សព្វថ្ងៃ ខ្មែរយើងមានអ្នកចេះលេងឧបករណ៍នេះតិចតួចបំផុត ក៏ព្រោះខ្មែរយើងមិននិយមលេងទេ។ ប្រជាជនខ្មែរដែលនិយមប្រើប្រាស់ឧបករណ៍គែនច្រើនជាងគេ គឺនៅខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
-  ដកស្រង់ពីសៀវភៅតន្ត្រីរបាំ និងល្ខោនខ្មែរ របស់លោកឆេង ផុង និងលោកពេជ្រទុំ ក្រវិល បោះពុម្ពឆ្នាំ២០០៦
-  https://km.wikipedia.org/