សមាធិ ដើម្បីសុខភាពផ្លូវចិត្ត

បញ្ហាផ្លូវចិត្តបានធ្វើឱ្យមនុស្សមួយចំនួនប្រឈមនឹងបញ្ហារស់នៅរបស់ខ្លួន រហូតឈានដល់ការប្រព្រឹត្ត អំពើអមនុស្សធម៌ ឬធ្វើអត្តឃាតផ្សេងៗមកលើខ្លួន ដោយទង្វើទាំងអស់នេះហើយ ទើបត្រូវឱ្យមនុស្ស ម្នាក់ៗមានការអប់រំចិត្ត ផ្លូវចិត្តដោយការធ្វើសមាធិ ដើម្បីសុខភាពផ្លូវចិត្ត និងជាធម្មឱសថព្យាបាល បញ្ហាផ្លូវចិត្តបានយ៉ាងល្អប្រសើរសម្រាប់មនុស្សគ្រប់រូបយកទៅអនុវត្តផងដែរ។ 

អ្នកមានវិបត្តិផ្លូវចិត្តហើយដោះស្រាយបញ្ហាអត់បាន ទៅជាចង់ក លោតទឹក  ប្រើប្រាស់គ្រឿងញៀន និងអ្នកខ្លះទៀតមានវិបត្តិផ្សេងៗរាប់មិនអស់។ ទង្វើទាំងនេះហើយបណ្តាលមកពីយើងអត់មានសតិ ខ្វះសមាធិក្នុងចិត្ត ដូចនេះដើម្បីមានសុវត្ថិភាពផ្លូវកាយ យើងត្រូវតែយកចិត្តទុកដាក់ផ្លូវចិត្តជាមុន សិន។ ដើម្បីយកធម្មឱសថមកព្យាបាល ត្រូវរៀនអប់រំចិត្តគឺធ្វើសមាធិ។ សមាធិ គឺមានន័យថា ការតម្កល់ចិត្តឱ្យនឹង ឱ្យមូល គិតរឿងតែមួយក្នុងពេលតែមួយ។ នៅក្នុងព្រះពុទ្ធសាសនាបានបែងចែក សមាធិជាពីរយ៉ាងគឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន។ សមាធិពិតជាមានសារៈប្រយោជន៍ខ្លាំង ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ សមាធិគឺជួយឱ្យយើងរស់នៅជាមួយខ្លួនឯង និងមនុស្សជុំវិញខ្លួន ប្រកបដោយស្នាមញញឹម។ 

ក្រៅពីនេះសមាធិចិត្ត ជួយឱ្យយើងរស់នៅប្រកបដោយសន្តិភាពខាងក្នុងចិត្ត មានចិត្តមេត្តាចំពោះ ខ្លួនឯង និងអ្នកដទៃផងដែរ។ លើសពីនេះអ្នកប្រតិបត្តិសមាធិរឿយៗនឹងកាន់តែមានទំនុកចិត្ត ចំពោះខ្លួនឯង និងផ្តោតអារម្មណ៍បានល្អចំពោះការងារដែលកំពុងតែមានទំនួលខុសត្រូវ។ ការធ្វើ សមាធិបានត្រឹមត្រូវមានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាពរាងកាយ និងផ្លូវចិត្តដូចជា ពង្រឹងប្រព័ន្ធភាព ស៊ាំក្នុងរាងកាយ សរសៃឈាមដំណើរការល្អ កាត់បន្ថយស្ត្រេស ចិត្តស្ងប់ ចម្រើនសតិបញ្ញា ស្មារតីរឹងមាំ ផ្តោតអារម្មណ៍ លើការងារបានល្អ  មានការយល់ដឹងអំពីខ្លួនឯង អំពីជីវិត ធម្មជាតិចិត្ដ ជាដើម។ល។  យើងត្រូវបដិបត្តិ សមាធិម្តងហើយម្តងទៀត រហូតក្លាយជាទម្លាប់មួយអនុវត្តជាប្រចាំ
ក្នុងឥរិយាបថទាំង៤ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

សរុបសេចក្តីមកការធ្វើសមាធិពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យទាំងអស់ ជាពិសេស សម្រាប់យុវវ័យ។ ហើយរបស់ដែលយើងគប្បីគ្រប់គ្រង និងថែរក្សាឱ្យបានល្អនោះគឺចិត្ត ព្រោះថា ចិត្តអ្នកបង្កើតបញ្ហា ហើយក៏ជាអ្នកបញ្ចប់បញ្ហាបានផងដែរ។ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
 https://kramapost.com/education