ប្រការគួរចៀសវាង ប្រសិនបើអ្នកមិនចង់ជួបប្រទះវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារ

ការចាយវាយរបស់យើងម្នាក់ៗក្នុងជីវិតប្រចាំថ្ងៃពិតជាសំខាន់ណាស់ ដែលយើងគួរតែមានរូបមន្ត ឬ ផែនការគ្រប់គ្រងលំហូរសាច់ប្រាក់របស់យើងឱ្យបានច្បាស់លាស់។ យើងបានដឹងហើយថា នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ តែងតែមានការចាយវាយប្រើប្រាស់ជារឿងធម្មតា តែរឿងដែលមិនធម្មតានោះគឺអ្នកមិនចេះគ្រប់គ្រងប្រាក់ចំណូលរបស់អ្នក ដែលជាហេតុនាំឱ្យអ្នកនឹងជួបបញ្ហាផ្នែកហិរញ្ញវត្ថុនៅក្នុងគ្រួសារទៅថ្ងៃមុខ។ ខាងក្រោមនេះគឺប្រការគួរចៀសវាងមួយចំនួន ប្រសិនបើអ្នកមិនចង់ជួបប្រទះវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារទៅថ្ងៃមុខ៖
 
១. គ្មានផែនការច្បាស់លាស់ និងប្រាក់បម្រុងទុកសម្រាប់ពេលមានអាសន្ន :
ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ គឺជារឿងដ៏សំខាន់បំផុតដែលគូស្វាមីភរិយាវ័យក្មេងដែលត្រូវដឹង និងត្រូវតែពង្រឹងឱ្យបានរឹងមាំ ជាពិសេសអ្នកម្ដាយដែលទើបតែមានផ្ទៃពោះលើកដំបូង និងឪពុកម្តាយថ្មី
ថ្មោងតែម្ដង។ 

ការគ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមតែមានឥទ្ធិពលទៅលើទំនាក់ទំនងរវាងប្តីប្រពន្ធប៉ុណ្ណោះនោះទេ ប៉ុន្តែក៏មានឥទ្ធិពលដោយផ្ទាល់ដល់អនាគតរបស់កូនៗផងដែរ។ គូស្វាមីភរិយាវ័យក្មេងមួយចំនួនអ្នកអាចនឹងគិតថា “យើងទើបតែរៀបអាពាហ៌ពិពាហ៍ថ្មីថ្មោង ដូច្នេះមួយរយៈពេលនេះ មិនចាំបាច់ គិតគូរឱ្យល្អិតល្អន់ពេកនោះទេ...” បន្ទាប់មកអ្នកក៏ចំណាយប្រាក់ដែលខ្លួនមានដោយមិនបានគិតគូរវែងឆ្ងាយ។ ផលវិបាកដែលមិនអាចគេចផុតនោះគឺ នៅពេលគូស្វាមីភរិយាបានដឹងថា ពួកគេនឹងក្លាយជាឪពុកម្តាយរបស់កូនៗ ទើបភ្ញាក់ខ្លួនដឹងថាពួកគេគ្មានប្រាក់បម្រុងសម្រាប់គ្រោះអាសន្នបន្ទាន់ និងប្រាក់សន្សំសម្រាប់អនាគតកូនៗរបស់ពួកគេនោះទេ។ អាស្រ័យហេតុនេះ ដើម្បីធានាថាគ្រួសាររបស់អ្នកមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរនោះ បន្ទាប់ពីបានរៀបអាពាហ៌ពិពាហ៍រួចភ្លាម អ្នកគួរតែគិតគូររៀបចំបង្កើតផែនការហិរញ្ញវត្ថុដោយមិនត្រូវបង្អង់យូរឡើយ។ គូស្វាមីភរិយាទាំងពីរត្រូវតែគ្រប់គ្រងការចំណាយរបស់ខ្លួន ហើយត្រូវតែមានគោលដៅជាក់លាក់ដែលខ្លួនត្រូវសម្រេច។

២. គ្មានការឯកភាពគ្នាទៅលើទម្លាប់ចំណាយ និងផែនការចំណាយ :
ប្រសិនបើគូស្វាមីភរិយាមិនបានឯកភាពគ្នាលើទម្លាប់ចំណាយ និងផែនការចំណាយទេនោះ ភាគីម្ខាងដែលអាចជាប្ដី ឬប្រពន្ធ ប្រាកដជាតែងតែមានអារម្មណ៍ “មិនពេញចិត្ត” និង “ខកចិត្ត” ចំពោះការចំណាយរបស់ប្រពន្ធ ឬប្ដីរបស់ខ្លួនជាក់ជាមិនខាន។ ហើយអ្នកក៏មិនអាចសល់លុយដែរ ប្រសិនបើប្តី ឬប្រពន្ធរបស់អ្នកតែងតែចំណាយលើសពីចំណូលរបស់គាត់នោះ។ ដូច្នេះរឿងដែលអ្នកត្រូវធ្វើគឺ អ្នកទាំងពីរត្រូវតែឯកភាពគ្នាលើការចំណាយរបស់អ្នក និងចំនួនប្រាក់សន្សំទុកសម្រាប់គ្រួសារ។

៣. ចំណាយច្រើនជាងចំណូល :
មានមនុស្សមួយចំនួន មានលុយត្រឹមតែមួយចាយលើខ្លួនឯងតែប៉ុណ្ណោះ ចាយវាយលើសចំណូលប្រចាំថ្ងៃ ហើយនៅមានចិត្តទៅប៉ាវអ្នកដទៃទៀត ដើម្បីបានមុខមាត់ ការមានទឹកចិត្តជារឿងដែលល្អប្រសើរ តែមានទឹកចិត្តហើយមិនមានលុយចាយ ទឹកចិត្តដែលមាននោះគួរទុកតាមក្រោយវាល្អជាង។ ដូច្នេះមុននឹងធ្វើអ្វីមួយអ្នកត្រូវតែគិតឱ្យបានច្បាស់លាស់មុននឹងចំណាយ ប្រសិនបើអ្នកមិនចេះទុកដាក់លុយទេ អ្នកនឹងជួបការលំបាកមិខាន។

៤. គិតថាចាំអ្នកមានលុយសិន ចាំសន្សំ :
អ្នកគិតថា ចាំទាល់តែមានលុយជាដុំកំភួន ឬបានចំណូលប្រាក់ខែច្រើនជាងនេះ ឬចាំអស់បំណុលសិន ចាំអ្នកសន្សំលុយកើត។ អ្នកគួរតែលុបនូវគំនិតទាំងអស់នេះចោលទៅ ហើយចាប់ផ្តើមពីឥឡូវនេះ មិនថាតិច ឬច្រើន អ្នកអាចសន្សំបានដូចតែគ្នាទេ បើចាំដល់អ្នកមានលុយជាដុំកំភួន ពេលណាទើបមានទៅ។

៥. គិតថាចាយសិនចាំគិតតាមក្រោយទៀត :
អ្នកគិតថា អ្នកចាយថ្ងៃនេះឱ្យអស់សិន ចាំថ្ងៃស្អែកចាំគិតរកទៀត ហើយគិតថាអ្នកចាយលុយទិញ        សម្ភារៈឱ្យសប្បាយចិត្តសិន ថ្ងៃស្អែកនឹងរកលុយបានទៀតហើយ ឬបើកប្រាក់ខែនៅខែក្រោយនឹងមានលុយទៀតហើយ។ ប្រសិនបើអ្នកនៅតែមានគំនិតបែបនេះតទៅថ្ងៃអនាគត អ្នកនឹងពិបាកជាក់ជាមិនខាន ពីព្រោះអ្នកគ្មានគម្រោងទុកដាក់ថវិកានោះឡើយ។

៦. មានលុយពេលណាមានចិត្តចង់ចំណាយគ្រប់ពេល :
មនុស្សមួយចំនួននៅពេលដែលមានលុយនៅក្នុងខ្លួន ចេះតែចង់បាននេះចង់បាននោះ ដោយមិនដឹងថាទិញយកមកហើយ យកមកប្រើប្រាស់ ឬយកមកទុកចោលនោះទេ។ អ្នកគួរតែចេះរៀបចំទុកដាក់លុយឱ្យបានល្អទើបជាការប្រសើរ ត្រង់ចំណុចនេះមិនមែនមានន័យថាមិនឱ្យទិញអ្វីនោះឡើយ តែអ្នកគួរតែទិញអ្វីដែលត្រូវទិញបានហើយ។

៧. សម្ភារៈនិយមខ្លាំងពេក :
ការដែលអ្នកទិញសម្ភារៈល្អៗថ្លៃៗ មកបង្អួតភ្នែកញាតិមិត្ត អ្នកដទៃជារឿងមិនល្អទេ អ្នកគួរតែចៀសវាង កុំមានគំនិតថាខ្លួនឯងមិនទាន់សម័យកាល។ បើអ្នកធ្វើបែបនេះ អ្នកនឹងមិនងាយមានបានទៅថ្ងៃមុខឡើយ អ្នកមិនចាំបាច់ឡូយឆាយទាន់សម័យពេកក៏បានដែរ។ តាមពិតទៅការដែលយើងប្រើប្រាស់សម្ភារៈដែលសមរម្យជាមួយនឹងយើង ដោយមិនតាមសម័យកាល ឬតាមនរណាម្នាក់ វាជាភាពត្រឹមត្រូវដែលអ្នកគួរតែធ្វើ។

 

 

ថ្ងៃទី២៨ មេសា ២០២៣